ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ក្នុងឆមាសទី១ មានជិត២៥ ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទុនបម្រុងអន្តរជាតិកម្ពុជាមាន ២៤,៨ ប៊ីលានដុល្លារអាមេរិក ដោយបានកើន ១០,៤% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ដែលស្មើនឹង ៧,៥ ខែនៃការនាំចូលទំនិញនិង សេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ ប្រទេសកំពុងអភិវឌ្ឍ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិ បានបញ្ជាក់ថា ការកើនឡើងនេះជាចម្បងបណ្តាលមកពីការកើនឡើង៖ តម្លៃមាស ,ចំណូលពីការវិនិយោគក្រៅប្រទេស,ការប្រែប្រួលអត្រាប្តូរប្រាក់ និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រាក់បម្រុងកាតព្វកិច្ច។

ការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់ ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រងនិងតាមដានយ៉ាងហ្មត់ចត់ ដោយអនុលោមតាមគោលនយោបាយវិនិយោគនិងសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។ នាដើមឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម សេចក្តីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាពរូបិយប័ណ្ណប្រភេទទ្រព្យសកម្ម និងទំហំ ថវិកាហានិភ័យ ដើម្បីឆ្លើយតបនឹងការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ លើសញ្ញាបណ្ណបៃតង (Green bonds) និងសញ្ញាបណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតំបន់អឺរ៉ុប។ ជាក់ស្តែង នាពេលបច្ចុប្បន្ន ការវិនិយោគលើសញ្ញាប័ណ្ណបៃតង និង ESG មានសមាមាត្រ ៦% នៃទុនបម្រុងអន្តរជាតិសរុប ដែលសបញ្ជាក់ពីការរួមចំណែករបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយចីរភាព និងស្របតាមនិន្នាការនៃការវិនិយោគសកល ដែលកំពុងផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍ។

បើតាមធនាគារជាតិនៃកម្ពុជា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារសង្គ្រាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់និងបន្តសម្រេចបានកំណើនល្អ ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ។ អតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹង ដុល្លារអាមេរិកបានល្អប្រសើរ។ ជញ្ជីងទូទាត់បានត្រលប់មកមានអតិរេកវិញ ដែលគាំទ្រដោយ កំណើនលំហូរការវិនិយោគផ្ទាល់បរទេស។ អតិរេកជញ្ជីងទូទាត់គូបផ្សំនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានរួមចំណែកធ្វើឱ្យទុនបម្រុងអន្តរជាតិកើនឡើងគួរឱ្យកត់សម្គាល់៕