ជប៉ុន និងកូរ៉េខាងត្បូង ប្រកាសចាក់លុយវិនិយោគ ៩០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានយល់ព្រមបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់រហូតដល់ទៅ ៩០០ពាន់លានដុល្លារ​ នៅទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ កាត់បន្ថយពន្ធគយនាំចូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បាននិយាយថា សេតវិមាន នឹងប្រកាសពីការវិនិយោគរបស់ជប៉ុនចំនួន ៥៥០ពាន់លានដុល្លារ នៅចុងសប្តាហ៍នេះ ដែលត្រូវបានគេរំពឹងថានឹងផ្តោតលើការផលិត ដូចជា បន្ទះឈីប Semiconductors ថ្នាំអង់ទីប៊ីយូទិច ឬរ៉ែកម្រ នៅអាមេរិក។

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូង ក៏បានសន្យាបោះទុនវិនិយោគទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ផងដែរ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយថា ភាគីទាំងពីរ បានសម្រេចចិត្តបង្កើតកិច្ចព្រមព្រៀងមិនជាប់កាតព្ធកិច្ច ដើម្បីកំណត់យន្តការប្រតិបត្តិការ និងរចនាសម្ព័ន្ធនៃកញ្ចប់ថវិកានេះ។

ជុំវិញចំនួនទឹកប្រាក់វិនិយោគដ៏ច្រើននេះ ត្រូវបានគេរំពឹងថានឹងផ្តោតលើវិស័យឧស្សាហកម្មយុទ្ធសាស្រ្ត ដូចជា រ៉ែសំខាន់ៗ បន្ទះឈីប ឱសថ និងបញ្ញាសិប្បនិម្មិតជាដើម។ លើសពីនេះ ទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការកសាងនាវា។

ជម្រាបជូនផងដែរថា​កាល​ពី​ខែ​មុន រដ្ឋាភិបាលទីក្រុង​សេអ៊ូល​ បាន​យល់​ព្រម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ លើ​ការ​សន្យា​វិនិយោគ​ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែមានភាពផ្ទុយគ្នាលើព័ត៌មានលម្អិតនៃផែនការនេះ រួមទាំងរបៀបដែលប្រាក់ចំណេញនឹងត្រូវបានចែករំលែក ផងដែរ៕