លោក ត្រាំ ព្រមានដំឡើងពន្ធធ្ងន់ធ្ងរលើរុស្ស៊ី និងអ៊ុយក្រែន បើការចរចាសន្តិភាពមិនដំណើរការ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពន្ធធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើភាគីទាំងពីរមិនធ្វើឲ្យមានការជឿនលឿន នៅក្នុងការចរចាសន្តិភាពជាមួយគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានកាលពីថ្ងៃទី២៦ ខែសីហាថា៖” មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាយុវជនកំពុងស្លាប់ជារៀងរាល់សប្តាហ៍។ ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងបញ្ឈប់វាដោយការដាក់ទណ្ឌកម្ម ប្រើប្រាស់ពន្ធគយធ្ងន់ធ្ងរបំផុត ដែលនឹងបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់រុស្ស៊ី និងអ៊ុយក្រែន ឬអ្នកពាក់ព័ន្ធ”។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ៖” យើងមានទណ្ឌកម្មសេដ្ឋកិច្ច។ ខ្ញុំកំពុងនិយាយពីទណ្ឌកម្មសេដ្ឋកិច្ច ពីព្រោះយើងនឹងមិនលូកដៃចូលទៅក្នុងសង្គ្រាមនោះទេ។ វានឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ កំពុងស្វែងរកការចរចាដោយផ្ទាល់រវាងមេដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយជាងបីឆ្នាំមកហើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចចរចាបែបនេះ ប៉ុន្តែចំពោះប្រធានាធិបតីរុស្ស៊ី លោក ពូទីនវិញ ហាក់មិនបានអនុវត្តតាមនោះទេ។

ជម្រាបជូនថា លោកប្រធានាធិបតី ត្រាំ នៅថ្ងៃទី២១ ខែសីហា បានកំណត់ពេលវេលាពីរសប្តាហ៍ដើម្បីវាយតម្លៃលទ្ធភាពសម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដោយនិយាយថាសហរដ្ឋអាមេរិក អាចជ្រើសរើសវិធីសាស្រ្តផ្សេងទៀត បន្ទាប់ពីកាលបរិច្ឆេទកំណត់នេះ ត្រូវបានបញ្ចប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕​