ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក “ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ” ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស។ នេះបើយោងតាមប្រសាសន៍របស់សម្តេចថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃវិទ្យាល័យទ្រៀល នៅខេត្តកំពង់ធំ កាលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតថា រាជរដ្ឋាភិបាលតែងតែចាត់ទុក “ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ” ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ។
ក្នុងន័យនេះ សម្តេចថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន និងការជំរុញការសិក្សាពេញមួយជីវិត ។
សូមជម្រាប់ដែរថា ខេត្តកំពង់ធំមានសាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាសាធារណៈសរុបចំនួន ៦០៦កន្លែង អគារសិក្សាចំនួន ១.២២៣ខ្នង ស្មើនឹង ៥.២២៩បន្ទប់ ព្រមទាំងមានទីចាត់ការ បណ្ណាល័យ និងសម្ភារៈបរិក្ខារសិក្សាជាច្រើនទៀត ដើម្បីបម្រើដល់ការសិក្សារបស់សិស្សានុសិស្ស។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តកសាងអគារសិក្សាថ្មីៗបន្ថែមទៀតនៅតាមបណ្តាសាលារៀននានា ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃចំនួនសិស្ស ពង្រីកសមត្ថភាពទទួលសិស្ស និងបង្កើតបរិស្ថានសិក្សាឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតី បានចាត់ទុកថា វឌ្ឍនភាពទាំងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យអប់រំក្នុងខេត្តកំពង់ធំ ទាំងហេដ្ឋារចនាសម្ព័ន្ធសិក្សា និងការលើកកម្ពស់គុណភាពអប់រំ។ ជាមួយគ្នានេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកឱកាសទទួលបានការអប់រំ កែលម្អបរិស្ថានសិក្សា និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិ៕អត្ថបទ៖ហ្សាលីន

