ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទាំង៣ របស់ចិន ប្រឈមមុខនឹងការខាតបង់ពេញមួយឆ្នាំ​ ដោយសារបន្ទុកប្រេងឥន្ធនៈឡើងថ្លៃ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំង៣ របស់ចិន កំពុងប្រឈមមុខទៅនឹងខាតបង់សម្រាប់រយៈពេលពេញមួយឆ្នាំ បន្ទាប់ពីលទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី៣ មានភាពទន់ខ្សោយជាងឆ្នាំមុនយ៉ាងខ្លាំង។ នេះគឺដោយសារតែការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈយន្តហោះ ខណៈតម្លៃសំបុត្រក្នុងស្រុកធ្លាក់ចុះទាប និងការរំខានដោយសារព្យុះទីហ្វុង ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ការទទួលបាននៃប្រាក់ចំណេញសម្រាប់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលចងក្រងដោយ LSEG បានបង្ហាញថាក្រុមហ៊ុនអាកាសចរណ៍ Air China និង China Eastern Airlines កំពុងប្រឈមនឹងការខាតបង់សុទ្ធប្រចាំឆ្នាំជាលើកទី៧ជាប់ៗគ្នា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ មក។

ការប៉ាន់ប្រមាណដដែលនេះក៏បានបង្ហាញផងដែរថា ក្រុមហ៊ុន China Southern Airlines ដែលធ្លាប់បានងើបមកទទួលបានប្រាក់ចំណេញវិញនៅឆ្នាំ២០២៥ (ដែលជាការទទួលបានប្រាក់ចំណេញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មកនោះ) ឥឡូវនេះក៏ទំនងជានឹងធ្លាក់ចូលទៅក្នុងស្ថានភាពខាតបង់វិញផងដែរ។

គួរឲ្យដឹងថាប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៣ របស់ក្រុមហ៊ុន Air China បានធ្លាក់ចុះអស់ ៩២,៦% បើធៀបនឹងឆ្នាំមុន ដោយនៅសល់ត្រឹម ២៧០,៦លានយន់ (៤០,៦២លានដុល្លារ) ប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុន China Eastern វិញ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៦៤លានយន់សម្រាប់ត្រីមាសនេះ ដែលជាការធ្លាក់ចុះ ៩៨,២% បើធៀបនឹងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន China Southern បានផ្លាស់ប្តូរពីប្រាក់ចំណេញសុទ្ធចំនួន ៣,៨៤ពាន់លានយន់កាលពីឆ្នាំមុន មកជាការខាតបង់សុទ្ធចំនួន ៦០៩លានយន់វិញនៅក្នុងត្រីមាសទី៣ នេះ។

ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងបីរបស់ចិន សុទ្ធតែបានរាយការណ៍ពីការខាតបង់សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ខណៈរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ពួកគេធ្លាប់ទទួលបានប្រាក់ចំណេញ។ តម្លៃប្រេងឥន្ធនៈយន្តហោះបានកើនឡើងជាងទ្វេដង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈមក៕​