កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាជំរុញវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល ដើម្បីផលប្រយោជន៍រួម

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈខេត្តពោធិ៍សាត់ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញលើវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា។MoU នេះ បានធ្វើឡើងកាលថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខូយ រីដា បញ្ជាក់ថា៖ អនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងខេត្តពោធិ៍សាត់ និងស្រុកយ៉ាំងផ្សង់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចងភ្ជាប់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។ លោកថា រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួល និងគ្រប់គ្រងការបញ្ជូនពលករតាមរដូវកាលឱ្យមានស្ថិរភាព និងសុវត្ថិភាព ព្រមទាំងខិតខំស្រូបយកនូវបទពិសោធន៍ និងបច្ចេកវិទ្យាកសិកម្មទំនើបៗពីភាគីកូរ៉េ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតប លោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ បានថ្លែងអំណរគុណរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ការសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំពិធីចុះអនុស្សរណៈនេះឡើង។ លោកក៏ បានប្តេជ្ញា ក្នុងការមើលថែទាំ ការពារសិទ្ធិ និងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព ជូនដល់ពលករតាមរដូវកាលមកពីខេត្តពោធិ៍សាត់ ដូចជាបងប្អូនកូរ៉េដែរ។

សូមជម្រាប់ថា ការចុះហត្ថលេខាលើឯកសារ MOU ផ្លូវការនាពេលនេះ គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម (កសិកម្មឆ្លាតវៃ រោងផ្ទះសំណាញ់ និងយន្តូបនីយកម្ម) និងការបញ្ជូន-គ្រប់គ្រងពលករតាមរដូវកាល។ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញចុះទស្សនាកសិដ្ឋានដាំបន្លែ នៅភូមិអូថ្កូវ សង្កាត់រលាប, ទស្សនាសារៈមន្ទីរខេត្ត ក្រុងពោធិ៍សាត់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ អត្ថបទ៖ហ្សាលីន