ក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ ប្រទេសចិន ដើម្បីរួមគ្នាពង្រឹងយន្តការសហប្រតិបត្តិការការអភិវឌ្ឍវិស័យឧតុនិយមនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Hu Wen អគ្គនាយិកា សេវាឧតុនិយមខេត្តអានហួយ នៃរដ្ឋបាលឧតុនិយមចិន(CMA)។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ ប្រទេសចិន ដែលត្រូវបានចាត់តាំងឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧតុនិយមកម្ពុជា ដើម្បីជំរុញការអនុវត្តជាក់ស្តែង និងការវាយតម្លៃប្រសិទ្ធភាពនៃដំណោះស្រាយ MAZU នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងយន្តការសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែង ជំរុញការផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ ការទំនាក់ទំនងផ្នែកធុរកិច្ច ការបណ្តុះបណ្តាលជំនាញពិសេស និងយន្តការពហុភាគីផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែងក្នុងវិស័យឧតុនិយម ដើម្បីលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែង។
សូមជម្រាបថា MAZU គឺជាដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់ការកសាងសមត្ថភាពប្រកាសអាសន្នជាមុន ដែលត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋបាលឧតុនិយមចិន(CMA) ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលទាក់ទងនឹងឧតុនិយមនៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិស្តីពី «ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា» (EW4All)។ រហូតមកដល់ពេលនេះ MAZU ត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈសេវាកម្មលើពពក (cloud-based services) នៅក្នុងប្រទេសជាង ៤០ ព្រមទាំងបានដំឡើង និងដាក់ឱ្យដំណើរការជាក់ស្តែងនៅក្នុងប្រទេសចំនួន ៧ រួចមកហើយ៕ អត្ថបទ៖ហ្សាលីន


