ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic ប្រកាសកើនឡើងប្រាក់ចំណូលដល់ជាង ១ ០០០% មុនបោះផ្សាយលក់ IPO លើកដំបូង

អន្តរជាតិ

Anthropic ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេមួយនៅលើពិភពលោក បានរាយការណ៍កាលពីថ្ងៃទី២ ខែវិច្ឆិកា ថា ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនបានកើនឡើងដល់ជាង ១ ១០០% ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះកំពុងត្រៀមខ្លួនដើម្បីចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ IPO លើកដំបូង នៅលើទីផ្សារភាគហ៊ុន Wall Street នៅចុងខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Anthropic បានកើនឡើងដល់ ១៧ពាន់លានដុល្លារ នៅក្នុងត្រីមាសទីបីឆ្នាំនេះ ដែលជាការកើនឡើងពីចំនួនត្រឹម ១,៤ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ នៅក្នុងឯកសារដែលបានកែសម្រួល ក្រុមហ៊ុននេះបានបញ្ជាក់ថា ការខាតបង់សុទ្ធរបស់ខ្លួនមានចំនួន ២៣,៣ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាស រាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា។ ការចូលទីផ្សារភាគហ៊ុនរបស់ Anthropic នឹងក្លាយជាកត្តាជួយកំណត់ថា តើការកើនឡើងយ៉ាងគំហុកនៃការចំណាយលើវិស័យ AI ដែលកំពុងជួយជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិកនោះ នឹងអាចបន្តបានយូរប៉ុណ្ណា។

ឯកសារដដែលនេះក៏បានបង្ហាញផងដែរថា Anthropic បានប្តេជ្ញាចិត្តចំណាយទឹកប្រាក់ប្រហែល ៨៩៥ពាន់លានដុល្លារ ដែលភាគច្រើនផ្តោតលើសមត្ថភាពកុំព្យូទ័រ (computing power) សម្រាប់បន្តអភិវឌ្ឍ AI របស់ខ្លួន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

គួរជម្រាបជូនផងដែរថា ការដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយសម្រាប់ទំនុកចិត្តរបស់ទីផ្សារចំពោះការរីកចម្រើននៃវិស័យ AI។ វាក៏នឹងបើកឱកាសឱ្យវិនិយោគិនកាន់តែច្រើន រួមទាំងវិនិយោគិនទូទៅ (retail traders) អាចទិញភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនយក្សផ្នែក AI មួយនេះបានផងដែរ៕​