អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសត្រៀមលក្ខណៈរួចរាល់លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន ដើម្បីធានាជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានី នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៤ផ្សេងទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ចំនួន ៩២ប្រទេស រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ។ ដើម្បីធានាសុវត្ថិភាពកម្រិតខ្ពស់ លោកអភិបាលបានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខមូលដ្ឋានឱ្យបានម៉ឺងម៉ាត់បំផុត ដោយក្នុងអំឡុងពេលប្រជុំកំពូលនេះ រាល់ការបង្ហោះដ្រូនឯកជនត្រូវបានហាមឃាត់ដាច់ខាត រីឯកប៉ាល់ សាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍តាមដងទន្លេ ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយឡែកផ្លូវថ្មើរជើងចតុមុខនៅដំណើរការធម្មតា។
ទន្ទឹមនឹងកិច្ចប្រជុំកំពូល ព្រឹត្តិការណ៍អមចំនួន២ នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម រួមមាន៖ ពិព័រណ៍ ហ្វ្រង់កូតិច នៅមជ្ឈមណ្ឌលកោះពេជ្រ (ថ្ងៃទី១៤-១៦ វិច្ឆិកា) ដែលពិធីបើកផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ វិច្ឆិកា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ ដោយឡែក ភូមិហ្វ្រង់កូហ្វូនី នឹងរៀបចំនៅសួនច្បារមុខវត្តបទុមវតី (ថ្ងៃទី១៣-១៧ វិច្ឆិកា) ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងលោកស្រីអគ្គលេខាធិការ OIF៕





