ធនាគារពិភពលោក ចេញមុខព្រមានអំពីហានិភ័យនៃវិបត្តិស្បៀងអាហារសកលលោក

អន្តរជាតិ

ធនាគារពិភពលោក (World Bank) បានបង្ហាញឲ្យដឹងថា បាតុភូតរាំងស្ងួតដ៏ខ្លាំងក្លាបំផុត El Nino រួមផ្សំជាមួយការរំខានផ្នែកពាណិជ្ជកម្ម អាចនឹងបង្កឲ្យមានវិបត្តិស្បៀងអាហារជាសកលពោលគឺ ស្រដៀងគ្នាទៅនឹងវិបត្តិដែលបានកើតឡើងនៅដើមទសវត្សឆ្នាំ២០១០ ដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ “ទស្សនវិស័យទីផ្សារទំនិញ” ឬ (Commodity Market Outlook) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា របស់ធនាគារពិភពលោក បានព្យាករពីការកើនឡើង ១៨% នៃតម្លៃស្បៀងអាហារចន្លោះឆ្នាំ២០២៦ និង ២០២៧។ ជុំវិញការកើនឡើងនេះ គឺដោយសារតែការរអាក់រអួលក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងបាតុភូតគ្រោះរាំងស្ងួត El Nino ដ៏ខ្លាំងក្លាដែលកំពុងគំរាមកំហែងដល់ដំណាំ។

មិនតែប៉ុណ្ណោះ ធនាគារពិភពលោក បានបង្ហាញទៀតថា ជម្លោះយោធារវាងប្រទេសនានាដែលកំពុងកើនឡើងកម្តៅខ្លាំង ក៏នឹងផ្តល់ផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញជាសកលផងដែរ។

ធនាគារពិភពលោក បានព្រមានអំពីហានិភ័យនៃវិបត្តិស្បៀងអាហារ ដែលស្រដៀងទៅនឹងស្ថានការណ៍ក្នុងសម័យដើមឆ្នាំ២០១០ ផងដែរ។ ហានិភ័យនេះនឹងកើតឡើង ប្រសិនបើតម្លៃថាមពលកើនឡើងខ្ពស់ជាងការរំពឹងទុក ផ្សំជាមួយបាតុភូត El Nino ដ៏ខ្លាំងក្លា និងការវាយប្រហារលើនាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ។

គួរជម្រាបជូនថា នៅក្រោមសេណារីយ៉ូហានិភ័យខាងលើ ប្រេងឆៅប្រភេទ Brent អាចមានតម្លៃជាមធ្យម ១០៥ដុល្លារក្នុងមួយបារ៉ែលត្រឹមឆ្នាំ២០២៧ ខណៈពេលដែលតម្លៃស្បៀងអាហារនឹងខ្ពស់ជាងការព្យាករពីកម្រិតមូលដ្ឋាន ១២% ដែលលើសពីទិន្នន័យដែលបានកត់ត្រាក្នុងឆ្នាំ២០២២ ទៅទៀត។ ជាការពិតណាស់ ប្រេងឆៅ Brent បានកើនឡើងតម្លៃដល់ ១១៤ដុល្លារក្នុងមួយបារ៉ែលរួចទៅ ហើយកាលពីថ្ងៃទី២៩ ខែតុលា៕