សមាជិកសភាអាមេរិក ទទូចឲ្យនាយកប្រតិបត្តិ Nvidia ចុះចេញពីតំណែង ក្រោយមានរឿងអាស្រូវស្នេហាលួចលាក់

អន្តរជាតិ

សមាជិកព្រឹទ្ធសភា លោក Kevin Cramer កាលពីពេលថ្មីៗនេះ បានលើកឡើងថា លោក Jensen Huang គួរតែលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប Nvidia ចំពោះការសង្ស័យថា ស្ត្រីដែលមានទំនាក់ទំនងស្នេហាជាមួយលោក អាចជាចារកម្មរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Cramer សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយលើកឡើងអំពីរឿងអាស្រូវទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍របស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang និងការសង្ស័យថា ស្ត្រីឈ្មោះ Alice Huang ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក អាចត្រូវបានជ្រើសរើសឲ្យកាន់តួនាទីជាចារកម្មរបស់ប្រទេសចិន។

មិនតែប៉ុណ្ណោះ សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ៖”ហានិភ័យដែលលោកអាចត្រូវបានគេចាប់បានកំពុងមានកម្រិតខ្ពស់ណាស់។ ក្នុងវិស័យដែលមានភាពរសើបខ្លាំង ដូចជាឧស្សាហកម្មបន្ទះឈីបរបស់ Nvidia ខ្ញុំគិតថា គាត់គួរតែចាកចេញពីតំណែង”។

លើសពីនេះ លោក Cramer បានអះអាងថា ហានិភ័យនាពេលបច្ចុប្បន្នមានទំហំធំធេងណាស់ ទោះបីជាកំហុសធ្ងន់ធ្ងរបំផុតរបស់លោក Jensen Huang គ្រាន់តែជាការមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយ អ្នកនាង Alice Huang ក៏ដោយ។ ជាពិសេសរដ្ឋាភិបាលអាមេរិក កំពុងមានការព្រួយបារម្ភអំពីលទ្ធភាពនៃការលេចធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ឬការប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកគោលនយោបាយផ្សេងៗទៀតផងដែរ៕​