សមាជិកព្រឹទ្ធសភា លោក Kevin Cramer កាលពីពេលថ្មីៗនេះ បានលើកឡើងថា លោក Jensen Huang គួរតែលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប Nvidia ចំពោះការសង្ស័យថា ស្ត្រីដែលមានទំនាក់ទំនងស្នេហាជាមួយលោក អាចជាចារកម្មរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Cramer សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយលើកឡើងអំពីរឿងអាស្រូវទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍របស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang និងការសង្ស័យថា ស្ត្រីឈ្មោះ Alice Huang ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក អាចត្រូវបានជ្រើសរើសឲ្យកាន់តួនាទីជាចារកម្មរបស់ប្រទេសចិន។
មិនតែប៉ុណ្ណោះ សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ៖”ហានិភ័យដែលលោកអាចត្រូវបានគេចាប់បានកំពុងមានកម្រិតខ្ពស់ណាស់។ ក្នុងវិស័យដែលមានភាពរសើបខ្លាំង ដូចជាឧស្សាហកម្មបន្ទះឈីបរបស់ Nvidia ខ្ញុំគិតថា គាត់គួរតែចាកចេញពីតំណែង”។
លើសពីនេះ លោក Cramer បានអះអាងថា ហានិភ័យនាពេលបច្ចុប្បន្នមានទំហំធំធេងណាស់ ទោះបីជាកំហុសធ្ងន់ធ្ងរបំផុតរបស់លោក Jensen Huang គ្រាន់តែជាការមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយ អ្នកនាង Alice Huang ក៏ដោយ។ ជាពិសេសរដ្ឋាភិបាលអាមេរិក កំពុងមានការព្រួយបារម្ភអំពីលទ្ធភាពនៃការលេចធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ឬការប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកគោលនយោបាយផ្សេងៗទៀតផងដែរ៕

