អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងដាក់ឱ្យដំណើរការសេវាផ្ទុកមាសសម្រាប់ធនាគារកណ្តាលបរទេសនានា ព្រមទាំងកាត់បន្ថយពន្ធលើសេវាកម្មមួយចំនួនក្នុងទីផ្សារមាស ដើម្បីបង្កើនចំណែករបស់ខ្លួនក្នុងពាណិជ្ជកម្មលោហៈដ៏មានតម្លៃមួយនេះ នៅលើទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Gan Kim Yong ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងជាប្រធាន MAS ផងនោះ បានមានប្រសាសន៍ថា៖ “ការអភិវឌ្ឍទីផ្សារមាស គឺជាការពង្រីកតួនាទីរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់នៅលើពិភពលោក”។
គួរឲ្យដឹងថា សេវាផ្ទុកមាសថ្មីនេះ នឹងផ្តល់លទ្ធភាពរក្សាទុកមាសបម្រុងជំនួសឱ្យធនាគារកណ្តាលបរទេស ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គភាពរដ្ឋាភិបាលនានា នៅក្នុងឃ្លាំងរក្សាទុករូបិយប័ណ្ណជាតិរបស់សិង្ហបុរី ដែលមានសមត្ថភាពផ្ទុកមាសបានរហូតដល់ ៥០០ តោន។
លោក Gan បានលើកឡើងទៀតថា ដោយសារតម្រូវការមាស ដែលត្រូវបានប្រើប្រាស់ជាទ្រព្យសកម្មបម្រុងដ៏សំខាន់ កំពុងកើនឡើង ដូច្នេះហើយ ធនាគារកណ្តាលបរទេសនានាកំពុងស្វែងរកជម្រើសបន្ថែម ដើម្បីពង្រឹងសមត្ថភាពទប់ទល់នឹងហានិភ័យ និងរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន។
ជាមួយគ្នានេះ MAS និងក្រសួងហិរញ្ញវត្ថុសិង្ហបុរី ក៏គ្រោងដាក់ចេញក្របខណ្ឌពន្ធគយថ្មី ចាប់ពីខែមេសាឆ្នាំក្រោយ ផងដែរ។ ក្របខណ្ឌនេះនឹងពង្រីកការលើកលែងពន្ធលើមាស រហូតដល់សេវាកម្មលក់មាសដុំ រវាងស្ថាប័ននានា ដូចជា ការផ្ទុកមាស ការចម្រាញ់ ការរំលាយ និងចាក់ពុម្ពឡើងវិញ ការត្រួតពិនិត្យគុណភាព និងសេវាកម្មជើងសារជួញដូរ ផងដែរ៕

