ប្រវត្តិនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងតួនាទីរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ

អន្តរជាតិ

ហ្រ្វង់កូហ្វូនី (Francophonie) គឺជាសហគមន៍អន្តរជាតិនៃប្រទេស និងរដ្ឋាភិបាលដែលប្រើប្រាស់ភាសាបារាំង ឬមានទំនាក់ទំនងជាមួយភាសា និងវប្បធម៌បារាំង។ សហគមន៍នេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច អប់រំ វប្បធម៌ និងការអភិវឌ្ឍ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្រ្វង់កូហ្វូនី បានចាប់ផ្តើមបង្កើតឡើងជាផ្លូវការនៅទសវត្សឆ្នាំ១៩៦០ ដោយមានការផ្តួចផ្តើមពីមេដឹកនាំសំខាន់ៗ ៤រូប រួមមាន លោក Leopold Sedar Senghor អតីតប្រធានាធិបតីសេណេហ្គាល់ លោក Habib Bourguiba អតីតប្រធានាធិបតីទុយនីស៊ី លោក Hamani Diori អតីតប្រធានាធិបតីប្រទេសនីហ្សេ និងព្រះបាទនរោត្តម សីហនុ អតីតព្រះប្រមុខរដ្ឋកម្ពុជា។ 

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ប្រទេសចំនួន២១ បានចុះហត្ថលេខាបង្កើតស្ថាប័នសហប្រតិបត្តិការផ្នែកវប្បធម៌ និងបច្ចេកទេស ហៅ ACCT នៅទីក្រុង Niamey ប្រទេសនីហ្សេរ ដែលជាមូលដ្ឋានគ្រឹះនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នាពេលបច្ចុប្បន្ន។

សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកដំបូងត្រូវបានរៀបចំឡើងធ្វើឡើង នៅក្នុងឆ្នាំ១៩៨៦ នៅប្រទេសបារាំង ដោយមានការចូលរួមពីមេដឹកនាំប្រទេស និងរដ្ឋាភិបាលប្រមាណ៤២។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំនេះត្រូវបានរៀបចំជាទូទៅរៀងរាល់ពីរឆ្នាំម្តង ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដោយឡែកសម្រាប់កម្ពុជា ព្រះបាទនរោត្តម សីហនុ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតបង្កើតសហគមន៍ហ្រ្វង់កូហ្វូនីនេះឡើង។  កម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៅឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣។

យ៉ាងណាមិញ នៅឆ្នាំ២០២៦ នេះ ប្រទេសកម្ពុជាត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា។

ការធ្វើជាម្ចាស់ផ្ទះនេះ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងការទូត ទាក់ទាញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

សរុបមកហ្រ្វង់កូហ្វូនីមិនមែនគ្រាន់តែជាសហគមន៍នៃប្រទេសដែលប្រើប្រាស់ភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាអន្តរជាតិដ៏សំខាន់សម្រាប់ការសន្ទនា ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ នេះ គឺជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញសមត្ថភាព និងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ៕