កម្ពុជា-ហ្វីលីពីន បន្តពង្រឹងវិស័យកសិ-ពាណិជ្ជកម្ម ខណៈការនាំចេញអង្ករឈានដល់ជិត ២២ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម កសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលកំពុងរីកចម្រើនរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង។ ជាក់ស្ដែង ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន បានបង្ហាញពីសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ ២១៩ ៨៨១ តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ដែលតួលេខនេះស្មើនឹង ២០.៤៥% នៃបរិមាណនាំចេញសរុបរបស់កម្ពុជា។

ផ្អែកលើសមិទ្ធផលវិជ្ជមាននេះ ភាគីទាំងពីរបានបង្ហាញពីក្ដីរំពឹងទុក និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀតនៃវិស័យកសិ-ចំណីអាហារនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកជូនដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ៕