លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៅទីស្តីការក្រសួង សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កភាពងាយស្រួលបន្ថែមទៀតដល់បរិយាកាសធុរកិច្ចនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោករដ្ឋលេខាធិការ លោក លោកស្រីជាអនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។
អង្គប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម។ ការកែលម្អ និងរៀបចំបទប្បញ្ញត្តិទាំងនេះ គឺដើម្បីពង្រឹងនូវអនុលោមភាពគតិយុត្ត សុចរិតភាព និងតម្លាភាពក្នុងការផ្តល់សេវាចុះបញ្ជីពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងឆ្លើយតបទាន់ពេលវេលា៕



