របាយការណ៍៖ សមាជិកអាស៊ានត្រូវកែប្រែ ៥ចំណុចដើម្បីសម្រួលការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

រំហូរទុនវិនិយោគ មកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១កន្លងទៅដល់ប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយ សន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បានបង្ហាញថា ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ចអាស៊ាន នៅក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពលេចធ្លោជាងគេ។

ជាមួយនឹងការកត់ត្រានូវកំណើនរំហូរទុនវិនិយោគ របាយការណ៍បានបង្ហាញឱ្យឃើញអំពីការកើនឡើង យ៉ាងគំហុកនៃការវិនិយោគថ្មី។ ទន្ទឹមនឹងរបកគំហើញយ៉ាងវិជ្ជមាននេះ របាយការណ៍ក៏បានរំលេចផងដែរថា កិច្ចសម្រួលវិនិយោគ គឺជារបៀបវារៈអាទិភាពរបស់បណ្តាប្រទេស នៅជុំវិញពិភពលោក ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ឆ្លងតាមការសម្ភាសន៍ជាមួយវិនិយោគិន របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ត្រូវកែលម្អនូវចំណុចមួយចំនួនរួមមាន៖ (១) ភាពប្រទាក់ក្រឡានៃអន្តរក្រសួង-ស្ថាប័ន, (២) ការធ្វើសាមញ្ញកម្មនីតិវិធី, (៣) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការទទួលសំណើតាមប្រព័ន្ធអនឡាញ និង(៤) នីតិវិធីទទួល និងដោះស្រាយបណ្តឹង។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញានេះ រដ្ឋមន្ត្រីវិនិយោគនៃបណ្តាប្រទេសអាស៊ានមួយចំនួន បានសង្កត់បន្ថែមថា ការតភ្ជាប់នៅក្នុងតំបន់ ជាពិសេសការតភ្ជាប់នៅតាមព្រំដែននៃបណ្តាប្រទេសជិតខាង នឹងផ្តល់សារៈប្រយោជន៍ ទៅដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។

ម្យ៉ាងវិញទៀត ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថលភាវូបនីយកម្ម នឹងជួយពន្លឿនដល់ការសម្រេចឱ្យបាននូវក្របខ័ណ្ឌ នៃការវិនិយោគរួមមួយដែលហៅថា ក្របខណ្ឌឌីជីថលតែមួយ។

ការលើកឡើងរបស់រដ្ឋមន្រ្តីវិនិយោគអាស៊ាននេះ ឆ្លើយតបទៅនឹងការវិវឌ្ឍចុងក្រោយនៃបរិយាកាសវិនិយោគ ក្នុងតំបន់អាស៊ាន ដោយអាស៊ានបានផ្តួចផ្តើមគំនិត និងបានខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសម្រួលវិនិយោគ តាមរយៈកិច្ចខិតខំអនុវត្តក្របខណ្ឌសម្រួលវិនិយោគអាស៊ាន ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១៕