គិតចាប់ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ការវិលត្រឡប់មកមាតុប្រទេសវិញរបស់ប្រជាពលករខ្មែរពីថៃតាមច្រកព្រំដែន មានចំនួនសរុប ៩១៣ ៨២២ នាក់។

នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយយោងទៅតាមទិន្នន័យរបស់ក្រសួងការងារ។
សូមបញ្ជាក់ថា ការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ពលករខ្មែរ បន្ទាប់ពីភាគីថៃបានបង្កសង្គ្រាមឈ្លានពានតាមព្រំដែនជាមួយកម្ពុជា។ ការណ៍នេះបណ្តាលឱ្យមានពលករខ្មែរកាន់តែច្រើនសម្រុកចាកចេញមកស្រុកកំណើតវិញ ស្របតាមការអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា បន្ទាប់ពីការអំពាវនាវឱ្យវិលត្រឡប់របស់ពលករ ប្រជាពលរដ្ឋខ្មែរពីថៃមកកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍។
គិតមកដល់ពេលនេះ មានពលករខ្មែររាប់រយនាក់ហើយបាននិងកំពុងដាក់ពាក្យធ្វើការតាមបណ្តារាជធានី ខេត្តនានាទូទាំងប្រទេស ខណៈក្រសួងការងារក៏កំពុងផ្សព្វផ្សាយ និងបង្កើតវេទិការការងារតាមបណ្តាខេត្តនានាបន្ថែមទៀត ស្របពេលដែលការងាររាប់រយកន្លែងកំពង់រង់ចាំ៕



