ស្ពានមេគង្គក្រចេះ តម្លៃជាង ១១៤លានដុល្លារ គ្រោងបើកដំណើរការបណ្តោះក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីការសម្រួលចរាចរណ៍ដល់ពលរដ្ឋក្នុងតំបន់ អ្នកដំណើរ និងអ្នកទេសចរ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ តម្លៃជាង ១១៤លានដុល្លារ គ្រោងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ នាខែកញ្ញាខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦% ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងក្រសួងស្ថាប័នពាក់ព័ន្ធ។

នាឱកាសនេះដែរ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្ពាននេះ នឹងជួយជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។ បន្ថែមពីនេះ គម្រោងនេះ មិនត្រឹមតែនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃប៉ុណ្ណោះទេ  លើសពីនេះ គម្រោងខាងលើ ក៏នឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”។ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម។

សូមរម្លឹកដែរថា គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក៕ អត្ថបទ៖ហ្សាលីន