កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា កម្ពុជានឹងបើកការហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់ពលនាវិក មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដា្ឋនសមុទ្ររាម ចំនួន២ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ គឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម បានបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូន ដំណឹងដល់អាជ្ញាធរ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងតំបន់ ឱ្យបានជ្រាបថា អង្គភាព នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កាំភ្លើង AK47 សម្រាប់ពលនាវិកថ្មី របស់មជ្ឈមណ្ឌល ហ្វឹកហ្វឺនពហុសាសន៍ នៅទីតាំងកងកាំភ្លើងការពារអាកាស ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចំនួន០២ថ្ងៃ គឺ៖ នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយនឹងការហ្វឹកហ្វឺននេះ កងទ័ពជើងទឹក សង្កត់ធ្ងន់ដល់អាជ្ញាធរ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងតំបន់ មូលដ្ឋានសមុទ្ររាម សូមកុំមានការភាន់ច្រឡំ ឆោឡោព្រួយបារម្ភ នៅពេលដែលលឺសម្លេងកាំភ្លើង និងសូមចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕



