លោក ប៉ែន ប៉ូណា៖ តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចធ្លាក់ចុះដល់បាតដី?

សង្គម​និង​សេដ្ឋកិច្ច

អតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI និងជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា បានលើកឡើងថា កាលពីមុនយើងខំឲ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើនដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។ ប៉ុន្តែ ចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដាកម្រិតទាបក្រោមសូន្យដោយគ្មានតម្លៃវិជ្ជាជីវៈសូម្បីប៉ុនសរសៃសក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន បូណា លើកឡើងយ៉ាងដូច្នេះទំនងចង់ប្រដៅវ៉ៃវាយប្រហារបកទៅកាន់អ្នកកាសែតខ្មែរមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេសលោកខាងលិចហើយបំរើការវិស័យព័ត៌មានបំរើឆន្ទៈមនសិការឲ្យស្ថាប័នព័ត៌មានដែលតែងតែបង្កើតប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានវាយប្រហារញុះញង់មកកាន់រាជរដ្ឋាភិបាលកម្ពុជា។

កាលថ្ងៃទី១២ ខែកក្កដានេះ លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក ប៉ែន បូណា បានគូសបញ្ជាក់ថា មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោងដោយគ្មានអ្នករាយការណ៍ព័ត៌មាន។ មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។ និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសាឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាមក៏ពួកគេប្រើយ៉ាងពេញមាត់ដោយមិនញញើត។ និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសារ ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។ ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្តដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ក្រៅពីមាត់ខ្លួនឯងថាដោយការបូកផ្សំច្បោលៗ។ អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិកក៏ចេះតែផ្សាយទៅរួច។ ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថាជាអ្វីឲ្យពិតប្រាកដផងនោះមកធ្វើជាល្បោយដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។ យកមនុស្សដែលគេស្គាល់ពេញស្រុកថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំដើម្បីឲ្យវាយប្រហារលើរាជរដ្ឋាភិបាលដោយគ្មានសង្ស័យសូម្បីតែបន្តិច។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់ឬទប់ស្កាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជាដែលជាប្រទេសតូចមួយសោះថាជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។

ទន្ទឹមនឹងនោះ លោកបានចោទជាសំនួរថា បើសារព័ត៌មានប្រភេទនេះកើតនៅក្នុងប្រទេសតូចតាចដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែ វាបានកើតក្នុងមហាប្រទេសដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌មាន? តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដាសារព័ត៌មានលោកខាងលិចពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន?

បន្ថែមទៀតនោះ លោក ប៉ែន បូណា បានយល់ឃើញថា ប្រសិនបើប្រទេសលោកខាងលិចពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឲ្យអស់ទៅព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ៕