លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនជួយពន្លឿនការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានលឿន

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានស្នើទៅកាន់ក្រុមហ៊ុន ឱ្យជួយពន្លឿនការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៥ កុម្ភៈ ២០២៣ នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនដែលកំពុងសិក្សាលទ្ធភាព​សាងសង​គម្រោង​ផ្លូវល្បឿន​លឿនភ្នំពេញ-សៀមរាប ជួយពន្លឿនការងារឱ្យបាន​លឿន តាមដែលអាចធ្វើបាន ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា យ៉ាងយូនៅខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមរម្លឹកដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន៤ កំពុង​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវល្បឿន​លឿន​រាជធានីភ្នំពេញ-ខេត្តសៀមរាប។

យ៉ាងណាមិញ កាលពីពេលថ្មីៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់​បានបង្ហាញ​ការប្តេជ្ញាចិត្ត នឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម ខណៈមិនយូរទេ កម្ពុជានឹងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នេះ គឺជាផ្លូវដែលចំណាយពេលវេលាតិចជាងមុន ខណៈផ្លូវល្បឿនលឿននេះ ក៏នឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ៕

________
អត្ថបទ៖ ពិសី