ក្រុមហ៊ុនផលិតសំបកកង់ឡានខ្មែរម៉ាក សៃលុន (Sailun Tire Cambodia) ទទួលបានមេដាយកម្រិតល្អខ្លាំង “AA” ពីមជ្ឈមណ្ឌល MSCI ដែលទទួលស្គាល់នូវការគោរពបានយ៉ាងល្អទៅលើគោលការណ៍បរិស្ថាន សង្គម ប្រព័ន្ធអេកូឡូស៊ី អភិបាលកិច្ចល្អ និងគោលការណ៍ការអភិវឌ្ឍប្រកបដោយចីរភាព។

ចំពោះការវាយតម្លៃកម្រិត “AA” ពីមជ្ឈមណ្ឌល MSCI គឺជាការវាយតម្លៃទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុន Sailun Group ដែលការវាយតម្លៃនេះ មានកម្រិតពីទាបបំផុត CCC រហូតដល់កម្រិតខ្ពស់បំផុត AAA។ AAA មានន័យថា ជាកម្រិតល្អបំផុត ដែលកម្រមានក្រុមហ៊ុនទទួលបាន ខណៈដែលកម្រិតបន្ទាប់ពី AA ជាកម្រិតល្អខ្លាំង។ ក្រុមហ៊ុន Sailun Group ទទួលបានមេដាយកម្រិត AA គឺមានន័យថា ជាក្រុមហ៊ុនមួយមានយុទ្ធសាស្ត្រល្អ និងជាក្រុមហ៊ុននាំមុខគេមួយលើវិស័យផលិតសំបកកង់នៅកម្ពុជា។
MSCI (ដែលពីមុនមានឈ្មោះថា Morgan Stanley Capital International) គឺជាអ្នកផ្តល់ឧបករណ៍គាំទ្រការវិនិយោគឈានមុខគេលើពិភពលោក រួមទាំងសន្ទស្សន៍ទីផ្សារភាគហ៊ុន ការវិភាគហានិភ័យផលប័ត្រ និងការអនុវត្ត និងទិន្នន័យ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MSCI បានក្លាយជាកម្លាំងលេចធ្លោមួយនៅក្នុងការស្រាវជ្រាវ ESG។ MSCI វាយតម្លៃក្រុមហ៊ុនដោយផ្អែកលើការប៉ះពាល់ទៅនឹងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច។ អ្នកវិនិយោគិន ស្ថាប័នជាច្រើន បច្ចុប្បន្ននេះបានប្រើប្រាស់ការវាយតម្លៃទាំងនេះ ដើម្បីសម្រេចថាតើក្រុមហ៊ុនណាដែលមាន “និរន្តរភាព” គ្រប់គ្រាន់សម្រាប់ផលប័ត្ររបស់ពួកគេ។
សូមជម្រាបថា ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ ស្ទើរ ១០០% មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។


