លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ការស្នើបែបនេះរបស់លោករដ្ឋមន្រ្តីនៅក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នាទីក្រុងណាហ្គូយ៉ា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសជំនួបនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុន MS Tourist Ltd. រហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់កន្លងមក។
ទន្ទឹមនឹងនេះដែរ លោកក៏បានគូសបញ្ជាក់ថាសំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការណ៍របស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែម។
គួរបញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣.០០០នាក់ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥ នេះ។ គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕





