កម្ពុជា-បារាំង ប្ដេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងឱ្យដល់កម្រិតខ្ពស់បំផុត

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញការប្ដេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងឱ្យដល់កម្រិតខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសបានឱ្យដឹងថា នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការអភិវឌ្ឍទំនាក់ទំនង និងបញ្ហាមួយចំនួន ដើម្បីជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងកម្ពុជា និងបារាំង ឱ្យដល់កម្រិតខ្ពស់បំផុត។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើង ពីសារៈសំខាន់ពីការចូលរួមរបស់វិស័យសាធារណៈ និងឯកជន ក្នុងការបង្កើតគម្រោងធំៗក្នុងវិស័យអាទិភាពមួយចំនួនដូចជា វិស័យការពារជាតិ ថាមពល កសិកម្ម សុខាភិបាល បច្ចេកវិទ្យាថ្មីៗ និងការអភិរក្សបេតិកភណ្ឌ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេស បារាំង សម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយ ជម្លោះដោយសន្តិវិធី និងសម្រាប់ការផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការ ធានាការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្លួនទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានបញ្ជាក់ការត្រៀមលក្ខណៈរួចជាស្រេចរបស់ ប្រទេសបារាំង គាំទ្ររាល់គំនិតផ្តួចផ្តើមក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធី ដោយ អនុលោមតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តម Jean-Noël BARROT ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណែតផងដែរ៕