ក្រុមហ៊ុនធំមួយរបស់ជប៉ុន នឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Toyota Tsusho Corporation ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន បានលើកឡើងថា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ បន្ទាប់ពីមានតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជនកម្ពុជាកាន់តែកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការបញ្ជាក់របស់លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) ក្នុងជំនួបពិភាក្សាជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។ លោកស្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។

ជាការឆ្លើយតប លោក Harada Shigeru បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។ ជាមួយគ្នានេះ លោកថា  ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។

ក្នុងជំនួបនោះផងដែរ ក្រុមហ៊ុនជប៉ុន Toyota ក៏បានបង្ហាញពីការលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្តថែមទៀត៕ អត្ថបទ៖ ហ្សាលីន