បារាំង បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ថានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗចំនួន ៦ឱ្យកាន់តែខ្លាំងថែម សំដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង ផ្សាយចេញនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ជំនួបនារសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៦ លោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ប្រតិភូបារាំង និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារាំង ដែលមានប្រវត្តិយូរអង្វែង និងបាន រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។
ជាក់ស្តែង, តាមរយៈ AFD, បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យ កសិកម្ម ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ ។

ជាការឆ្លើយតប លោក Nicolas Forissier បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាព ធន់របស់ប្រទេសទាំងពីរ ក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលដែលកំពុងមានការប្រែប្រួលយ៉ាង ឆាប់រហ័ស ។
តាមរយៈជំនួបខាងលើ ក៏បានរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកEmmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់កម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និង ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត៕ អត្ថបទ៖ហ្សាលីន

