កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងសហការជាមួយ JICA សិក្សាផែនការមេថ្មីរហូតដល់ឆ្នាំ២០៥០ ដើម្បីតភ្ជាប់ប្រព័ន្ធភស្តុភារកម្មពហុមធ្យោបាយ។

នេះបើយោងតាមជំនួបពិភាក្សាពីរដាចើដោយឡែកពីគ្នា រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Takahashi Michiaki អ្នកជំនាញការជប៉ុន ព្រមទាំងក្រុមការងារ ព្រមទាំងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងជំនួបខាងលើ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានលើកឡើងពីសក្តានុពលភូមិសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។

ជាមួយគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនជប៉ុន និងអង្គការ JICA ដែលបានជួយជ្រោមជ្រែងអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់។ លោក ម៉ាង ស៊ីណេត ក៏បានជម្រាបជូនអំពីផែនការសាងសង់ចំណតផែទឹកជ្រៅ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្ដរជាតិខ្នាតធំ (Hub Port) ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ជាមួយគ្នានេះ លោកថា កំពង់ផែយ័តក្រុងព្រះសីហនុ ក៏កំពុងសហការជាមួយ JICA សិក្សាផែនការមេថ្មីរហូតដល់ឆ្នាំ២០៥០ ដើម្បីតភ្ជាប់ប្រព័ន្ធភស្តុភារកម្មពហុមធ្យោបាយ។
ក្នុងឱកាសនេះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនអំពីសាវតានៃការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team-BCT) តាមស្មារតីនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសដាក់ចេញដោយសម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងអតីត នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់ សេវាគាំទ្រនិងសេវាថែទាំជូនវិនិយោគិនជប៉ុន ព្រមទាំងបានបញ្ជាក់អំពីការត្រៀមមកបំពេញបេសកកម្មការងាររបស់ អ្នកជំនាញការ រយៈពេលវែងរបស់ទីភ្នាក់ងារ JICA នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៦នេះ៕

