លោក អូន ព័ន្ធមុនីរ័ត្ន៖ ឆ្នាំ២០២២ ជាបង្គោលចរដ៏សំខាន់នៃការពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏លំបាកចំពោះវិស័យពាណិជ្ជកម្មជាសកលក៏ដោយ យើងក៏គួរកត់សម្គាល់ថា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ក៏ជាបង្គោលចរដ៏សំខាន់នៃការពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ជាក់ស្ដែង ឆ្នាំ ២០២២ គឺជាឆ្នាំដែលកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗទាំង ៣ របស់កម្ពុជា បានចូលជាធរមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងពាណិជ្ជកម្មកាលថ្មីៗនេះថា កាលពីថ្ងៃទី៣១ ខែមករា ម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២, និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាន កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២២កន្លងទៅ។

លោកគូសបញ្ជាក់ថា «តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ កម្ពុជាបានបើកនូវកាលានុវត្តភាពថ្មីថែមទៀត សម្រាប់វិស័យពាណិជ្ជកម្មរបស់ខ្លួន ជាពិសេស ការបង្កើតទីផ្សារសម្រាប់កសិផលដូចជា ស្រូវ, អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, និង ស្វាយចន្ទី ជាដើម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ក៏នឹងផ្សារភ្ជាប់កម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃ និង ផលិតកម្មរបស់តំបន់ផងដែរ ដែលនឹងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចវិវត្តទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់ធាតុចូលផលិតកម្មដូចជា គ្រឿងបន្លាស់ និង គ្រឿងបង្គុំ សម្រាប់ខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ផងដែរ »៕ អត្ថបទ៖សារេត