អាជ្ញាធរមីន ចេញសេចក្តីណែនាំ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលសង្គ្រាម

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរមីន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលនៃសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមលើកទី១ ពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើ ប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនា សម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបូរាណ និងបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីសកម្មភាពវាយប្រហារបានបញ្ចប់ទៅហើយក្តី ប៉ុន្តែសព្វាវុធដែលបានប្រើប្រាស់ដូចជា គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ ផ្សែងពុល និងយុទ្ធភណ្ឌ ផ្សេងទៀត មានមួយចំនួននៅមិនទាន់ផ្ទុះដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ អនុវត្តនូវវិធានការដូចខាងក្រោម៖

១- ប្រតិបត្តិករអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ចូលរួមជម្រុញ លើកទិសដៅ និងអនុវត្តការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជននៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះ បង្កើនក្រុមចុះអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ឱ្យអស់លទ្ធភាព តាមដែលអាចធ្វើទៅបាន រៀបចំផលិតសម្ភារៈសំខាន់ៗដែលបម្រើដល់ការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះ ចូលរួមជាមួយក្រុមការងារផែនការសកម្មភាពមីនខេត្ត(ម៉ាពូ) ក្នុងការរិះរកគំនិតថ្មីៗដែលជា ប្រយោជន៍ដល់ការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបញ្ជាក់ពីគោលបំណងជាក់លាក់មុនចុះបំពេញការងារអប់រំ ផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

២- គណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារផែនការសកម្មភាពមីនខេត្ត (ភីម៉ាក់/ម៉ាពូ) ផ្តល់កិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យប្រតិបត្តិករអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ អាចចុះទៅបំពេញការងារបាននៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះ ពិនិត្យលទ្ធភាពបញ្ញាបការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ រាល់ពេលអង្គភាព ក្រសួង ស្ថាប័ននានាចុះទៅបំពេញការងារនៅមណ្ឌលសុវត្ថិភាព និងខ្នងផ្ទះ តាមដាន និងរាយការណ៍ជាប្រចាំមកអាជ្ញាធរមីន អំពីវឌ្ឍនភាពនៃការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារគ្រឿងផ្ទុះ។

៣- ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ផ្តល់ការលើកទឹកចិត្តដោយគាំទ្រ សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះនៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះ – ស្វែងរកជំនួយគាំទ្រ ដល់សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ គ្រឿងផ្ទុះ។

៤- អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន – ដឹកនាំ និងសម្របសម្រួល ដើម្បីធានាឱ្យមានការចុះទៅអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមទីតាំងសុវត្ថិភាពដែលពលរដ្ឋភៀសសឹកស្នាក់នៅ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្រឱ្យមាន សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ រៀបចំឱ្យក្រុមត្រួតពិនិត្យអាជ្ញាធរមីន ចុះត្រួតពិនិត្យការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបំពេញដោយប្រតិបត្តិករ សម្របសម្រួលជាមួយប្រតិបត្តិករ ឱ្យមានកិច្ចសហប្រតិបត្តិការចុះអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីស្នើសុំបន្តការគាំទ្រ និងការចូលរួមអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដឹកនាំ ចាត់ចែង និងសម្របសម្រួលការងារពាក់ព័ន្ធបន្ទាន់ផ្សេងៗ តាមស្ថានភាពជាក់ស្តែង។