កម្មវិធី«ផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា» នឹងជួយពង្រីកពាណិជកម្មអាស៊ានឱ្យកាន់តែខ្លាំង

សង្គម​និង​សេដ្ឋកិច្ច

សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា រៀបចំកម្មវិធី «ផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា» ដើម្បីភ្ជាប់អាជីវកម្មប្រទេសទាំងពីរ ឲ្យកាន់តែច្រើនរួមគ្នា។តាមរយៈ កម្មវិធី«ផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា»នេះ នឹងជួយពង្រីកពាណិជកម្មអាស៊ានឲ្យកាន់តែរឹងមាំ និងហក់ស្ទុះខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ ដោយសមាគមធុរកិច្ចអាស៊ាននៃកម្ពុជា ដោយមានការគាំទ្រពីខាងស្ថានទូតម៉ាឡេស៊ី នៅរាជធានីភ្នំពេញ។

កម្មវិធីនេះ មានគោលបំណង ដើម្បីភ្ជាប់អាជីវកម្មម៉ាឡេស៊ី និងកម្ពុជា ឲ្យកាន់តែច្រើនរួមគ្នា ក្នុងតំបន់ដែលមានរួចជាស្រេច និងក៏ដូចជានៅក្នុងឧស្សាហកម្មដែលមិនទាន់បានស្វែងរក។ កម្មវិធីនេះ ក៏បានជួយលើកកម្ពស់ ការវិនិយោគរបស់ម៉ាឡេស៊ីចូលមកក្នុងកម្ពុជាផងដែរ។

បើតាម ឯកអគ្គរាជទូតរបស់ម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក Eldeen Husaini Mohd Hashim ក៏បាន ថ្លែងអំណរគុណចំពោះសមាគមធុរកិច្ចអាស៊ាន សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់ពេលវេលាក្នុងការរៀបចំកម្មវិធីនេះឲ្យទាន់ពេលវេលា។

ឯកអគ្គរាជទូតរូបនេះ ក៏បានអំពាវនាវឲ្យធុរកិច្ចម៉ាឡេស៊ី ទាញយកអត្ថប្រយោជន៍ ពីការបើកព្រំដែនអន្តរជាតិរវាងម៉ាឡេស៊ី និងកម្ពុជា ហើយចាប់យកឱកាសនេះ ហើយធ្វើឲ្យវត្តមានអាជីវកម្មនេះ ទទួលបានប្រាក់ចំណេញ នៅក្នុងអាណាចក្រ ដែលវាប្រាកដឲ្យឃើញ និងជាសក្ខីភាពដែលបញ្ជាក់ ឲ្យឃើញពីកំណើនដ៏ខ្ពស់របស់ GDP សារជាថ្មីម្តងទៀតបន្ទាប់ពីការរាតត្បាត និងរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន រួមជាមួយនិងអាជិវកម្មផ្សេងៗគ្នា រួមមាន៖ ឧស្សាហកម្មវេជ្ជសាស្ត្រ ការអភិវឌ្ឍន៍ផ្សារទំនើប ការលក់ទំនិញរាយ អាហារ និងភេសជ្ជៈទូរគមនាគមន៍ សួនកម្សាន្ត សណ្ឋាគារ ការអប់រំ ការផលិតទំនិញ គ្រឿងចក្រធនធ្ងន់ និងកីឡាបែបអេឡិចត្រូនិច ក៏បានមកចូលរួមក្នុងកម្មវិធីខាងលើនេះផងដែរ។

សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា ក៏បានចាត់ទុកថា កម្មវិធី«ផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា»នាពេលនេះ ពិតជាបានបម្រើការយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបិត្តការ ក្នុងការឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងពាណិជកម្ម ឲ្យកាន់តែរឹងមាំ រវាងម៉ាឡេស៊ី និងកម្ពុជាថែមទៀត៕