សេតវិមានបញ្ជាក់ថា លោក ត្រាំ នឹងមានជំនួបប្រវត្តិសាស្ត្រត្រីភាគីជាមួយលោក ស៊ី និងលោក ពូទីន នៅប្រទេសចិន

អន្តរជាតិ

សេតវិមានបានប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា លោក ដូណាល់ ត្រាំ, លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង នឹងជួបប្រជុំគ្នាជាលើកដំបូងក្នុងទម្រង់ត្រីភាគី រវាងមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងចិន នៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងសិនជិន (Shenzhen) ប្រទេសចិន នៅពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីអាមេរិកបានឱ្យដឹងទៀតថា នៅក្នុងកិច្ចពិភាក្សាត្រីភាគីនេះ លោក ត្រាំ មានបំណងពិភាក្សាអំពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយក៏គ្រោងនឹងលើកឡើងអំពីបញ្ហាជុំវិញប្រទេសអ៊ីរ៉ង់ផងដែរ ប៉ុន្តែលោកទំនងជានឹងមិនលើកឡើងពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំកំពូលទាំងបីនឹងជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងមួយនៅភាគខាងត្បូងប្រទេសចិន។

មន្ត្រីអាមេរិកដដែលរូបនេះ បានបញ្ជាក់ទៀតថា ជម្លោះធំៗមួយក្នុងចំណោមជម្លោះសំខាន់ៗដែលគ្របដណ្ដប់លើអាណត្តិទីពីររបស់លោក ត្រាំ នឹងត្រូវលើកយកមកពិភាក្សា ប៉ុន្តែជម្លោះមួយទៀតដែលពាក់ព័ន្ធរុស្ស៊ី និងអ៊ុយក្រែន នឹងមិនត្រូវបានលើកឡើងនោះទេ។

ជម្រាបជូនថា ខាងសេតវិមាន ក៏បានបញ្ជាក់ផងដែរថា មហសេដ្ឋីមានដាច់គេលើលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX នឹងអមដំណើរលោក ត្រាំ ទៅកាន់ប្រទេសចិន ប៉ុន្តែលោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំជាមួយលោក ស៊ី និងលោក ពូទីន នោះទេ៕​