ពលរដ្ឋអាមេរិក ត្រូវចំណាយបន្ថែមយ៉ាងហោចណាស់ ០,២០ដុល្លារក្នុងមួយលីត្រនៃប្រេងសាំង គិតចាប់តាំងពីមានជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងមក ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ថាមពលជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៦ ខែមីនា តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិកគឺ ៣,៧៦ដុល្លារក្នុងមួយហ្គាឡុង (ឬស្មើប្រមាណ ០,៩៩ដុល្លារក្នុងមួយលីត្រ) ដែលជាកម្រិតខ្ពស់បំផុតមួយ គិតចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក។ នេះបើយោងតាមទិន្នន័យពីគេហទំព័រតាមដានតម្លៃប្រេងឥន្ធនៈ GasBuddy។
យ៉ាងណាមិញ យោងតាមលោក Patrick De Haan ប្រធានផ្នែកវិភាគប្រេងឥន្ធនៈនៅ GasBuddy បាននិយាយថា លុះត្រាតែលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានស្តារឡើងវិញ បើមិនដូច្នោះទេសម្ពាធលើតម្លៃប្រេងឥន្ធនៈទំនងជានៅតែបន្តកើនឡើង”។
ជម្រាបជូនថា គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈ តម្លៃប្រេងសាំងនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកើនឡើងជិត ៨០សេនក្នុងមួយហ្គាឡុង ( ឬ ០,២០ដុល្លារក្នុងមួយលីត្រ)។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ការកើនឡើងសរុប គឺជិត ៣០% ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីមានព្យុះ Katrina បានវាយប្រហារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៥៕

