ទោះព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញមិនប្រារព្ធ តែអ្នកភូមិថ្មគរនៅតែស្វះស្វែងនាំទូកទៅចូលរួមប្រណាំងតាមវត្ត

សង្គម​ និង​សេដ្ឋកិច្ច

ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងកីឡាករទូកង នាងតាវតីធិបតីសែនមានជ័យ ស្ថិតនៅវត្តថ្មគរ ភូមិថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ដូនតា ដើម្បីដាក់ទូកង ចុះទៅកាន់ទៅទឹកទន្លេមេគង្គ សម្រាប់ហ្វឹកហាត់ ត្រៀមយកទៅប្រណាំង នៅវត្តល្វាសរ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិធីនេះបានរៀបចំឡើងទៅតាមប្រពៃណីនិងទំនៀមទម្លាប់ដូនតារបស់អ្នកភូមិថ្មគរ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ការរំកិលទូកចុះទឹកទន្លេនេះ ក៏បានធ្វើឡើង បន្ទាប់ពីក្រុមកីឡាករទូក បានហ្វឹកហាត់សមកម្លាំង លើស្ពានដែលរៀបចំនៅលើផ្ទៃទឹកបឹងក្រៅ ដែលជាបឹងនៅក្រោយភូមិ អស់រយៈពេលប្រមាណជាងមួយសប្តាហ៍។ ចាប់ពីថ្ងៃស្អែកទៅ ក្រុមកីឡាករ នឹងត្រូវហ្វឹកហាត់នៅលើទូកដែលនឹងត្រូវចូលរួមប្រណាំងដោយផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា វត្តថ្មគរ មានប្រពៃណីលេងទូកង ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ។ ទូកងសម័យសង្គមរាស្ត្រនិយម នៅតែបន្តរក្សាទុកយ៉ាងល្អក្នុងទីអារាម ជាមួយនឹងទូកខ្នាត៥៣អ្នកមួយគ្រឿងទៀត ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៦ ខណៈទូកថ្មីនេះ ត្រូវបានកសាងឡើងនៅឆ្នាំ២០២៣។ ទោះបីជាលទ្ធផលមានឈ្នះចាញ់ ប៉ុន្តែអ្នកភូមិបានអះអាងថា ការនាំទូកទៅចូលរួមប្រណាំង គឺជាការថែរក្សាប្រពៃណីដូនតា និងក៏ជាការបញ្ជាក់ពីសិរីសួស្ដីសម្រាប់ឃុំស្រុករបស់ខ្លួនផងដែរ៕