យោងតាមបុរីវ៉ាទីកង់ បានប្រកាសជាផ្លូវការថា សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ដែលត្រូវបានចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពល និងកាន់តួនាទីជាអ្នកដឹកនាំសាសនាកាតូលិកធំជាងគេបំផុតលើពិភពលោកនោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨វស្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
នៅក្នុងសេចក្តីថ្លែងការមួយរបស់បុរីវ៉ាទីកង់ បានបញ្ជាក់យ៉ាងច្បាស់ថា ៖” បងប្អូនជាទីគោរព យើងពិតជាមានសេចក្តីសោកស្តាយជាខ្លាំង ដែលត្រូវតែប្រកាសពីការសោយទិវង្គតរបស់សម្តេចប៉ាប”។
គួរឲ្យដឹងដែរថា សម្តេចប៉ាប បានទទួលមរណភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេច បានបង្ហាញខ្លួនជាសាធារណ: នៅលើរថយន្ត Popemobile ដែលបានបើកដង្ហែឆ្លងកាត់ទីលាន St. Peter’s ខណៈពេលដែលអ្នកធ្វើធម្មយាត្រារាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅឯបុរីវ៉ាទីកង់ សម្រាប់ពិធីបុណ្យ Easter ។ នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់សម្តេច ពោលគឺចាប់តាំងពីសម្តេច ចាកចេញពីមន្ទីរពេទ្យ កាលពីចុងខែមីនាមក។
ជម្រាបជូនថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម ៨៨ព្រះវស្សា ជិតមរណភាពពីរដងរួចមកហើយកាលពីដើមឆ្នាំនេះ បន្ទាប់ពីឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ។ សម្តេចបានចំណាយពេលដល់ទៅ ៥សប្តាហ៍ឯណោះនៅក្នុងមន្ទីរពេទ្យ Gemelli នៃទីក្រុងរ៉ូម មុនពេលត្រូវបញ្ជូនចេញ នៅថ្ងៃទី២៣ ខែមីនា៕