ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគម អមដោយ អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា នៅគេហដ្ឋាននៃសព។

ក្នុងវេលាដ៏សែនសោកសង្រេងនេះ លោកអ្នកឧកញ៉ា លី ហួរ និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយ អ្នកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់មាតា ម្តាយក្មេក ជីដូន និងជីដូនទួត ជាទីគោរពស្រឡាញ់ ដែលជាការបាត់បង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ។
ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ត្រូវបានក្រុមគ្រួសារ និងញាតិមិត្តគោរពរាប់អាន ក្នុងនាមជាមាតា និងមេគ្រួសារដ៏ថ្លៃថ្លា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាពេញមួយជីវិត ក្នុងការថែរក្សា អប់រំ និងបណ្តុះបណ្តាលកូនចៅ ប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងបានបន្សល់ទុកនូវគំរូដ៏ល្អប្រពៃសម្រាប់កូនចៅ និងញាតិមិត្តគ្រប់រូប។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សមាគមឧកញ៉ាកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។










