ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា កម្ពុជា គឺជាមជ្ឈមណ្ឌលដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលមានបំណងធ្វើធុរកិច្ចនៅក្នុងតំបន់មេគង្គ និងទូទាំងអាស៊ាន ហើយតាមរយៈកម្ពុជា ក្រុមហ៊ុនទាំងនេះអាចពង្រីកបណ្តាញធុរកិច្ចទៅកាន់ទីផ្សារប្រទេសជិតខាងដូចជា ឡាវ និងវៀតណាម បានផងដែរ។

ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា និងលោក អាម៉េដ ស៊ីសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដោយមានការចូលរួមពីធុរជនជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជាច្រើនរូប។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងឱកាសនោះ ដោយបានចាត់ទុកការចូលរួមយ៉ាងច្រើនកុះកររបស់គណៈប្រតិភូធុរកិច្ចក្នុងព្រឹត្តិការណ៍នេះថា ជាសក្ខីភាពបង្ហាញពីចំណាប់អារម្មណ៍ និងឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាស ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងគ្នា។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា អាទិភាពសំខាន់នៅពេលនេះ គឺការបន្តតាមដាន និងសម្របសម្រួលទំនាក់ទំនងដែលបានបង្កើតឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីជួយឱ្យក្រុមហ៊ុននានាអាចប្រែក្លាយការជួបជុំ ការផ្លាស់ប្តូរយោបល់ និងការណែនាំគ្នាទៅវិញទៅមក ឱ្យក្លាយជាភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែង។
ជាមួយគ្នានេះ អ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាអាចដើរតួនាទីជាច្រកតភ្ជាប់សម្រាប់ក្រុមហ៊ុនហ្វ្រង់កូហ្វូន ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់មេគង្គ និងអាស៊ាន ជាពិសេសប្រទេសឡាវ និងវៀតណាម ដែលមានទំនាក់ទំនងផ្នែកភាសា និងវប្បធម៌បារាំងក្នុងតំបន់មេគង្គ។
គួរបញ្ជាក់ថា ដើម្បីជំរុញការសម្រេចគោលដៅនេះ សភាពាណិជ្ជកម្មកម្ពុជា មានបំណងធ្វើការដោយផ្ទាល់ជាមួយអង្គការសមាជិក APF នៅតាមបណ្តាប្រទេសនីមួយៗ ព្រមទាំងបើកចំហចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នធុរកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំបេសកកម្មធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងសម្របសម្រួលការតភ្ជាប់ក្រុមហ៊ុនជាមួយដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។
អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកវិស័យឯកជនជា «កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច» និងបានដាក់ចេញនូវយុទ្ធសាស្ត្រ ព្រមទាំងវិធានការជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែល្អប្រសើរ ងាយស្រួល និងអំណោយផលដល់ការប្រកបអាជីវកម្ម និងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕
















