អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដឹកនាំអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ចុះទស្សនកិច្ចរោងចក្រផលិតចំណីសត្វ​ ដែលមានកម្លាំងផលិត ៥០តោនក្នុងមួយម៉ោង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ ចុះជួបសំណេះ​សំណាលជាមួយក្រុមប្រឹក្សាឃុំ​ សង្កាត់​ ស្មៀនឃុំ​ សង្កាត់​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ សង្កាត់​ ក្នុងខេត្ត​ព្រះសីហនុ​ នៅសាលប្រជុំការិយាល័យរោងចក្រផលិតចំណីសត្វ M’s PIG ស្ថិតក្នុងភូមិមនោរម្យ​ ឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសំណេះសំណាលនេះ​ មានការអញ្ជើញចូលរួមពី​ គណៈកម្មការទី១ព្រឹទ្ធសភា,​ គណៈកម្មការទី៣ព្រឹទ្ធសភា,​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧,​ ថ្នាក់ដឹកនាំខេត្ត​ ក្រុង​ ស្រុក,​ ក្រុមប្រឹក្សាឃុំ​ សង្កាត់,​ ស្មៀនឃុំ​ សង្កាត់,​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ សង្កាត់​ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន​ ១៥០នាក់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា មុននឹងចាប់ផ្តើមកម្មវិធី លោកបានដឹកនាំសមាជិក​ សមាជិកានៃអង្គពិធីអញ្ជើញពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ តភ្ជាប់​ពីផ្លូវជាតិលេខ៤​ ទៅផ្លូវអន្លង់ក្រពើមានប្រវែង​ ១,៩៧១ម៉ែត្រ​ ទទឹង ៦.៤ម៉ែត្រ​ និងចុះទស្សនកិច្ចខ្សែសង្វាក់​ផលិតកម្មរោងចក្រផលិតចំណីសត្វ​ ដែលមានកម្លាំងផលិត ៥០តោនក្នុងមួយម៉ោងផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានឱ្យដឹងថា រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ខេមបូឌា (M’s PIG ACMC Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមាន​កម្លាំងផលិតជាមធ្យមជាង ៣០,០០០តោនក្នុងមួយខែ។ សម្រាប់ថ្ងៃអនាគត អ្នកឧកញ៉ា ក៏មានផែនការបង្កើន​សមត្ថភាពរោងចក្រនេះ ឱ្យខ្លាំងជាងមុន ដើម្បីអាចផ្គត់ផ្គង់លើទីផ្សារកម្ពុជាទាំងមូលបាន៕