កម្ពុជា និងប្រទេសលុចសំបួ បានចុះហត្ថលេខាលើឯកសារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្ទាប់ពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Xavier BETTEL ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ នៃប្រទេសលុចសំបួ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសលុចសំបួ ចំពោះការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យសំខាន់ៗ រួមមាន សុខាភិបាល អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍជនបទ និងការបោសសម្អាតមីន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់លុចសំបួ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះផងដែរ។
ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្គីយ៉ូម ហ្សង់ ហ្សូសែព ម៉ារី បច្ចុប្បន្នជាព្រះមហាក្សត្រ នៃប្រទេសលុចសំបួ (Grand Duke of Luxembourg) កាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក ខណៈដែលព្រះអង្គនៅជារជ្ជទាយាទនៅឡើយ។
តាមរយៈលទ្ធផលនៃជំនួប និងការចុះហត្ថលេខាលើឯកសារនានានាពេលនេះ ត្រូវបានរំពឹងថានឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត៕






