បារាំងផ្តល់ជំនួយជាង ២០០លានដុល្លារ ចាប់ដៃគូជាមួយ EDC សិក្សាគម្រោងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់ នៅកោះកុង

សង្គម​ និង​សេដ្ឋកិច្ច

បារាំងបានផ្តល់កញ្ចប់ជំនួយគាំទ្រវិស័យថាមពលនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក ព្រមទាំងបានឈានដល់ការចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមគ្នាលើគម្រោងវារីអគ្គិសនីខ្នាតយក្សថ្មីមួយនៅខេត្តកោះកុង ដែលមានតម្លៃប៉ាន់ស្មានពី៧០០ ទៅ៩០០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការឱ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល ការចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមនេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនថាមពលដ៏ធំរបស់បារាំង Électricité de France (EDF) និង អគ្គិសនីកម្ពុជា (EDC)។ គម្រោងវារីអគ្គិសនីថ្មីនេះ មានអានុភាពរហូតដល់ ៨០០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង និងត្រូវបានប៉ាន់ស្មានថាមានទុនវិនិយោគសរុបចន្លោះពី ៧០០ ទៅ ៩០០ លានដុល្លារអាមេរិក។

លោក កែវ រតនៈ បញ្ជាក់ថា គម្រោងវិនិយោគ និងកញ្ចប់ជំនួយដ៏ធំសម្បើមនេះ គឺជាផលប្រយោជន៍ថ្មីបន្ថែមដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យថាមពលស្អាត និងសេដ្ឋកិច្ចកម្ពុជានាថ្ងៃអនាគត។ សមិទ្ធផលទាំងអស់នេះ កើតចេញពីតួនាទី និងភាពជាម្ចាស់ផ្ទះដ៏សកម្មរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិឱ្យកាន់តែរីកចម្រើន។