ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង ប្រកាសបើកសម្ពោធប្រាសាទមេបុណ្យខាងលិចជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទី១ នៃប្រទេសបារាំង បានប្រកាសបើកសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសបើកសម្ពោធប្រាសាទមេបុណ្យខាងលិចជាផ្លូវការនេះ បានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង ប្រាសាទមេបុណ្យខាងលិច ដែលបានជួសជុលបញ្ចប់ជាស្ថាពរ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់ ១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន ១២លានដុល្លារអាមេរិក។

តួប្រាង្គចំនួន ១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្កព្រះវិស្ណុផ្ទុំនៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្ដាលមហាសាគរដ៏ធំល្វឹងល្វើយនៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ។

សូមជម្រាបដែរថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេងមកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។

លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានាឱ្យការដ្ឋានជួសជុលនោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ ១២ខែ មិនឱ្យទឹកចូលមករំខានបាន និងធានាឱ្យបានការស្រោចស្រពស្រែជាង ៧០០០ ហិកតា ព្រមទាំងផ្គត់ផ្គង់ក្នុងការផលិតទឹកស្អាតសម្រាប់ក្រុងសៀមរាប៕ អត្ថបទ៖ហ្សាលីន