ភ្នំពេញ៖ គិតត្រឹមខែមេសា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប៥៦ ប៉ុន្តែកំពុងដំណើរការមានតែ៣២ ។នេះបើយោងតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ប្រភព CDC បានឱ្យដឹងថា ទុនវិនិយោគអភិវឌ្ឍតំបន់មានចំនួន ៤,៤៥ពាន់លានដុល្លារអាម៉េរិក ហើយចំនួនគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៩២៨គម្រោង។ចំណែកទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២,៨ ពាន់លានដុល្លារអាម៉េរិក។ចំនួនកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២០៤.៤៤៦នាក់ ។
តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន៣២នេះ មាន១២នៅខេត្តស្វាយរៀង ចំនួន៦នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល ,ចំនួន៥ នៅខេត្តព្រះសីហនុ, ចំនួន៣នៅប៉ោយប៉ែត, នៅខេត្តកោះកុងចំនួន២ ពោធិសាត់១ កំពត១ នៅផ្លូវជាតិ៦Aចំនួន១ និងនៅខេត្តក្រចេះចំនួន១ ។
គួរឱ្យដឹងផងដែរថា គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស និងបានបង្កើតឱកាសការងារជាង ៣២ ០០០នាក់។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបើករោងចក្រ/សហគ្រាសនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស (SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារដល់ប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ចំណូលសេដ្ឋកិច្ច ។ លើសពីនេះតំបន់សេដ្ឋកិច្ចពិសេសដើរតួយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក៕

