អាមេរិក បដិសេធមិនប្រើសេវា Starlink របស់ Elon Musk លើការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ធ្លាប់បានស្នើផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប Starlink ដោយឥតគិតថ្លៃដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ប៉ុន្តែរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោក Sean Duffy បានបដិសេធសំណើនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា៖ “យើងបានស្នើផ្តល់សេវា Starlink ដោយឥតគិតថ្លៃដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) តាមរយៈរដ្ឋមន្ត្រី Sean Duffy ប៉ុន្តែលោកបានបដិសេធ។ តាមពិតទៅ ពួកគេពិតជាត្រូវការសេវានេះមែន”។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក Musk នេះ ហាក់ដូចជាសំដៅទៅលើបញ្ហាដាច់ប្រព័ន្ធទំនាក់ទំនងកាលពី ៤ថ្ងៃមុន ដែលបានធ្វើឱ្យ FAA ផ្អាកការហោះឡើងរបស់យន្តហោះរាប់ពាន់ជើងនៅទូទាំងប្រទេសអស់រយៈពេលជាង ៤ម៉ោង។

ជម្រាបជូនថា បច្ចុប្បន្ន FAA កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលមានអាយុកាលជិត ១០០ឆ្នាំ ដោយនៅតែពឹងផ្អែកលើបច្ចេកវិទ្យាមួយចំនួនដែលមានតាំងពីទសវត្សឆ្នាំ១៩៧០ មក និងប្រើប្រាស់ខ្សែទង់ដែងចាស់ៗសម្រាប់រក្សាការតភ្ជាប់ទំនាក់ទំនងរវាងស្ថានីយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនានា៕​