កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី រដ្ឋាភិបាលលុចសំបួ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងវិស័យឯកជន បានឈានដល់ការសម្រេចបាននូវការចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងតម្លៃ ៩៩ លានដុល្លារអាមេរិក នៅលើផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបោះផ្សាយនេះ ធ្វើឡើងបន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធកាលពីខែកក្កដា ឆ្នាំ២០២៥ ក្រោមជំនួយបច្ចេកទេសពីកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយចំពោះសមិទ្ធផលនេះ និងរំពឹងថាការណ៍នេះនឹងលើកទឹកចិត្តដល់អាជីវកម្ម និងវិនិយោគិនកាន់តែច្រើនឱ្យដើរតាមគន្លងនេះ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួ ក៏បានបញ្ជាក់ថា ការបោះផ្សាយនេះនឹងផ្តល់ទំនុកចិត្តដល់អាជីវកម្ម និងវិនិយោគិនកាន់តែច្រើនក្នុងការចូលរួមមូលបត្របំណុលដែលកំពុងរីកចម្រើននេះ។
បើតាមផែនការគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ ដល់ ២០៣៣ កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មតែមួយមុខគត់ ដូច្នេះការកៀរគរហិរញ្ញប្បទានឯកជនតាមរយៈទីផ្សារមូលធន គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយរបស់ប្រទេស។

