ក្រុមហ៊ុន GOMI RECYCLE ជាក្រុមហ៊ុនមួយផ្តោតលើការវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) បានបង្ហាញពីគម្រោងពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដើម្បីកែច្នៃ។

កាបង្ហាញពីបំណងរបស់ក្រុមហ៊ុននៅក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ លោក Okumura Yusuke ប្រធានគណៈប្រតិភូក្រុមហ៊ុន បានជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
លោកបន្តថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ។ ដោយកន្លងមក ក្រុមហ៊ុនបានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន៕


