កម្ពុជា-អង់គ្លេស បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អង់គ្លេស បាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន ខណៈភាគីទាំងពីរ ក៏បានបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀតផងដែរ។នេះបើយោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស លោកបានជួបពិភាក្សាការងារជាមួយលោកជំទាវ​ Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងចក្រភពអង់គ្លេស​ ដែលមានរយៈពេល៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន​ ជាពិសេស​វិស័យពាណិជ្ជកម្ម​ ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។

ឯកឧត្តម បន្ថែមថា ជំនួបនេះពិតជាមានសារៈសំខាន់​ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់​គ្នា​ ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរក៏បានលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥៕អត្ថបទ៖ហ្សាលីន