សម្តេចធិបតី៖ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ ខណៈសម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាម សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ផ្សាយចេញថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។

តាមរយៈសារលិខិតដដែល សម្តេចធិបត បានអះអាងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។

សូមរម្លឹកដែរថា កាលពីពាក់កណ្តាលខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធ្លាប់បានឱ្យដឹងតាមរយៈការព្យាកររបស់ខ្លួន កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦នេះនឹងមានកំណើន ៤%។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករយ៉ាងដូច្នេះ ដោយយោងទៅលើកត្តាមួយចំនួនដូចជា ផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងការកើនឡើងនៃតម្លៃប្រេងសាំង ភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជា ខាងភូមិសាស្ត្រនយោបាយជាដើម៕ អត្ថបទ៖ហ្សាលីន