ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាកិច្ចពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលថ្ងៃទី១៩ សីហា ២០២៥ បានផ្តោតលើរឿងសំខាន់ចំនួន២។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើហ្វេសប៊ុកថា៖« នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី»។
សម្តេចបន្តថា នៅក្នុងកិច្ចសន្ទនានោះ សម្តេច និងប្រធានប្តូរវេនអាស៊ាន ក៏បានពិភាក្សាគ្នាលើរឿងសំខាន់ចំនួន២ គឺអំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។
ជុំវិញរឿងនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ កាលរសៀលថ្ងៃទី១៩ ខែសីហា ក៏បានឱ្យដឹងដែរថា៖«ខ្ញុំបាននិយាយជាមួយប្អូនប្រុស ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ យើងបានលើកផងដែរពីក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលបាន និងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ និងក៏បានពិភាក្សាបន្ថែមអំពីវិធានការផ្សេងៗដែលអាចអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អន្តរកាល(IOT)»។
សូមរម្លឹកថា កាលរសៀលថ្ងៃទី២៨ ខែកក្កដា កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន៕ អត្ថបទ៖ ហ្សាលីន

