ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមជំនួបពាណិជ្ជកម្មនៅខេត្តសៀមរាប ដើម្បីពង្រឹងបណ្តាញធុរកិច្ច និងស្វែងរកឱកាសវិនិយោគ

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដឹកនាំដោយ ​ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកា ពាណិជ្ជករ និងម្ចាស់សិប្បកម្មក្នុងខេត្តសៀមរាប សរុបចំនួន ៦១ រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពាណិជ្ជកម្មនេះ អ្នកចូលរួមបានធ្វើការផ្គូផ្គងធុរកិច្ច (Business Matching) និងដាក់តាំងបង្ហាញ​ផលិតផល​ដែល​មាន​សក្តានុពលក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីគុណភាព និងអត្តសញ្ញាណផលិតផលក្នុងស្រុក ព្រមទាំងបង្កើតឱកាសឱ្យធុរជនបានស្វែងយល់ពីផលិតផល និងសេវាកម្មរបស់គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក៏បានធ្វើបទបង្ហាញសង្ខេបអំពី​សក្តានុពល​សេដ្ឋកិច្ច និងឱកាសវិនិយោគក្នុងខេត្តសៀមរាប ដោយផ្តោតលើបរិយាកាសធុរកិច្ច វិស័យអាទិភាព និងលទ្ធភាព​នៃការអភិវឌ្ឍអាជីវកម្មក្នុងតំបន់។ ខេត្តសៀមរាប មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោរបស់កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្តានុពលលើវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដែល​អាចបង្កើតឱកាសវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

សូមជម្រាបថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​លើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងរបស់ម្ចាស់អាជីវកម្ម តាមរយៈការសិក្សាស្វែងយល់​ដោយផ្ទាល់ពី​ដំណើរការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអភិវឌ្ឍផលិតផល និងការរៀបចំយុទ្ធសាស្ត្រ​ពង្រីកទីផ្សារ។ ទន្ទឹមនឹងនេះ កម្មវិធីក៏ផ្តល់ឱកាសដល់ធុរជនក្នុងការកសាងបណ្តាញទំនាក់ទំនង និងស្វែងរក​ដៃគូពាណិជ្ជកម្មសម្រាប់កិច្ចសហការ នាពេលអនាគត។