លោកស្រី Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតអេហ្ស៊ីប ប្រចាំកម្ពុជា បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើង។ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។


នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ដែលភាគីទាំងពីរធ្លាប់បានពិភាក្សារួមគ្នាកន្លងមក និងជំរុញឱ្យសម្រេចចេញជារូបវ័ន្ត សំដៅបង្កើតជាយន្តការសន្ទនាពិគ្រោះយោបល់ ក្នុងការបង្កើតបរិយាកាសអំណោយផល សុវត្ថិភាព និងភាពទាក់ទាញ ដើម្បីលើកទឹកចិត្តដល់ការបណ្តាក់ទុនរវាងប្រទេសទាំងពីរ។ បន្ថែមពីនោះ លោក ក៏បានរំលេចអំពីផែនការក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា បំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅប្រទេសអេហ្ស៊ីប នាពេលអនាគតផងដែរ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវសុឆន្ទៈក្នុងការចូលរួមជំរុញលើគំនិតផ្តួចផ្តើមនៃការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងបង្ហាញការយល់ស្របលើយន្តការសន្ទនាពិគ្រោះយោបល់ និងជំនួបពិភាក្សាជាទៀងទាត់ ដើម្បីពង្រឹងចំណងការទូត និងលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលរវាងកម្ពុជា និងអេហ្ស៊ីប ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។

លោកស្រី ក៏បានគាំទ្រលើផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេហ្ស៊ីប និងបង្ហាញពីសុឆន្ទៈក្នុងការចូលរួមផ្តល់កិច្ចសម្របសម្រួលពាក់ព័ន្ធនានា ដើម្បីឱ្យផែនការបំពេញបេសកកម្មនេះអាចប្រព្រឹត្តទៅបានជោគជ័យ។ តាមរយៈគម្រោងនៃការចេញទៅបំពេញ បេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅប្រទេសអេហ្ស៊ីប របស់គណៈប្រតិភូកម្ពុជា លោកស្រីរំពឹងថានឹងអាចនាំឱ្យមានលំហូរវិនិយោគរវាងគ្នា ថែមមួយកម្រិតទៀត។
សូមជម្រាបដែរថា នៅក្នុងជំនួបនោះ កម្ពុជា-អេហ្សីប បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអេហ្ស៊ីប ឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត សំដៅនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ហ្សាលីន


